អដ្ឋកថា ទុតិយញាណវត្ថុសូត្រទី ៤

ក្បាលទី 20 · ទំព័រ 837

ទុតិយញ្ញាណវត្ថុសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយញ្ញាណវត្ថុសូត្រទី ៤ តទៅ បទថា សត្តសត្តរិ ប្រែថា ៧ និង ៧០ គឺ ៧៧ ។ បានឮថា ភិក្ខុទាំងនោះ ជាអ្នក ពោលព្យញ្ជនៈ កាលមានអ្នកពោលព្យញ្ជនៈច្រើនឡើង ក៏អាចចាក់ធ្លុះបាន ។ ព្រោះដូច្នោះ ព្រះសូត្រនេះ ព្រះមានព្រះភាគ ត្រាស់តាមអធ្យាស្រ័យរបស់ភិក្ខុ ទាំងនោះ ។ បទថា ធម្មដ្ឋិតិញ្ញាណំ គឺការដឹងក្នុងបច្ចយាការ បច្ចយាការ លោកហៅថា ធម្មដ្ឋិតិ ព្រោះជាហេតុរបស់បវត្តិដ្ឋិតិនៃធម៌ទាំងឡាយ ។ ញាណក្នុងធម្មដ្ឋិតិនេះ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ ។ ពាក្យថា ធម្មដ្ឋិតិញ្ញាណ នេះ ជាឈ្មោះនៃញាណ ៦ តែមួយបុណ្ណោះ ។ បទថា ខយធម្មំ គឺដល់នូវ ការអស់ទៅជាសភាវៈ ។ បទថា វ័យធម្មំ គឺដល់នូវការសូន្យទៅជាសភាវៈ ។ បទថា វិរាគធម្មំ គឺដល់នូវការប្រាសចាកតម្រេកជាសភាវៈ ។ បទថា និរោធធម្មំ គឺដល់នូវការរលត់ជាសភាវៈ ។ បទថា សត្តសត្តរិ អធិប្បាយ ថា ក្នុង បទ ១១ ចែក ១ បទ ជា ៧ ទើបរួមជា ៧៧ ។ ការសម្រេច វិបស្សនា ព្រះមានព្រះភាគត្រាស់ថា ឈ្មោះថា វិបស្សនាក្នុងសូត្រនេះ ។