អវិជ្ជាបច្ចយសូត្រទី ៥

ក្បាលទី 20 · ទំព័រ 838

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ សង្ខារ ទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក៏ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ជរា និងមរណៈ តើដូចម្តេចហ្ន៎ មួយទៀត ជរា និងមរណៈនេះឯងជារបស់អ្នកណា ។ ព្រះមាន ព្រះភាគត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណាពោលថា ជរា និងមរណៈដូចម្តេច មួយទៀត ជរា និងមរណៈ នេះ ឯង ជារបស់អ្នកណាដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះឯងជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យ ទាំងពីរនេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ ។ ម្នាលភិក្ខុ កាលបើមាន សេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែង មិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈក៏រមែងមិនមាន ។ ម្នាលភិក្ខុ ព្រះតថាគត មិនប្រកាន់នូវអន្តធម៌ គឺធម៌ដ៏លាមកទាំង ២ នោះឡើយ តែងសម្តែង ធម៌ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ។ បពិត្រព្រះអង្គដ៏ចម្រើន ជាតិ តើដូចម្តេចហ្ន៎ មួយទៀត ជាតិ នេះឯងជារបស់អ្នកណា ។ ព្រះមានព្រះភាគត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយ ទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណាពោលថា ជាតិដូចម្តេច