បញ្ចវេរភយសូត្រទី ១ - ភ័យ ឬពៀរ ៥ប្រការ
ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះឯងអនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតីអង្គុយក្នុង ទីសមគួរហើយ ទើបព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលណាបើភ័យ ឬពៀរទាំង ៥ ប្រការ អរិយសាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះ ឈ្មោះថា ប្រកបដោយអង្គនៃសោតាបត្តិ ៤ ប្រការផង បានឃើញច្បាស់ ចាក់ធ្លុះនូវញាយធម៌ដ៏ប្រសើរដោយប្រាជ្ញាផង អរិយសាវ័ក នោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញអស់នរក ហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ ជាអ្នកបានដល់នូវសោតៈហើយ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខដូច្នេះក៏បាន ។ ចុះភ័យ ឬពៀរទាំង ៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច ។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងជួបប្រសព្វនូវភ័យ ឬ ពៀរណាក្នុងបច្ចុប្បន្នផង ជួបប្រសព្វនូវភ័យ ឬពៀរណាក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្សប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័កអ្នកវៀរស្រឡះចាកបាណាតិបាត បាន រម្ងាប់ហើយយ៉ាងនេះ ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យដែលគេ មិនបានឲ្យ តែងជួបប្រសព្វនូវភ័យ ឬពៀរណាក្នុងបច្ចុប្បន្នផង ជួបប្រសព្វ នូវភ័យ ឬពៀរណាក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្ត ទៅក្នុងចិត្តផង ព្រោះតែអទិន្នាទានជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះ ចាកអទិន្នាទាន បានរម្ងាប់ហើយយ៉ាងនេះ ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងជួបប្រសព្វនូ