អដ្ឋកថា បញ្ចវេរភយសូត្រទី ១ - ភ័យ ឬពៀរ ៥ប្រការ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមបញ្ចវេរភយសូត្រទី ១ នៃ គហបតិវគ្គតទៅ បទថា យតោ ប្រែថា ក្នុងកាល ។ បទថា ភយានិ វេរានិ បានដល់ ចេតនាជាហេតុញ៉ាំងភ័យ និងពៀរ ។ បទថា សោតាបត្តិយង្គេហិ អធិប្បាយថា អង្គនៃសោតាបត្តិមាន ២ យ៉ាង គឺអង្គដែលប្រព្រឹត្ត ទៅក្នុងចំណែកខាងដើម ដើម្បីបានចំពោះនូវសោតាបត្តិមគ្គដែលមកយ៉ាងនេះ គឺ សប្បុរិសសំសេវ គឺសេពគប់សប្បុរស សទ្ធម្មស្សវន គឺស្តាប់ធម៌របស់ សប្បុរស យោនិសោមនសិការ គឺធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ធម្មានុធម្មប្បដិបត្តិ គឺបដិបត្តិធម៌សមគួរដល់ធម៌ ដែលហៅថា អង្គនៃសោតាបត្តិមគ្គ ១ អង្គនៃបុគ្គលដែលមានគុណធម៌បានហើយ សម្រេចសោតាបត្តិមគ្គ ហើយតាំងនៅ ដែលហៅថា អង្គនៃសោតាបន្ន ១ ។ បទថា សោតាបន្នស្ស នេះ ជាឈ្មោះនៃអ្នកមានសេចក្តីជ្រះថ្លា មិនញាប់ញ័រជាដើម ក្នុង ព្រះពុទ្ធ ពាក្យនេះ ព្រះមានព្រះភាគ បំណងយកហើយក្នុងទីនេះ ។ បទថា អរិយោ ប្រែថា បុគ្គលមិនមានទោស គឺមិនមានការតិះដៀល ។ បទថា ញាយោ បានដល់ ញាណដែលដឹងបដិច្ចសមុប្បាទខ្លះ បដិច្ចសមុប្បាទធម៌ ក៏មាន ដូចលោកពោលថា ញាយោ វុច្ចតិ បដិច្ចសមុប្បាទោ បដិច្ច- សមុប្បាទ ហៅថា ញាយធម៌ ។ អរិយោបិ អដ្ឋង្គិកោ មគ្គោ ញាយោ អរិយមគ្គមានអង្គ ៨ ក៏លោកហៅថា ញាយធម៌ ។ បទថា បញ្ញាយ បាន ដល់ ដោយវិបស្សនាបញ្ញាដែលកើតតៗ គ្នាទៅ ។ បទថា សុទិដ្ឋោ ហោថ គឺដែលអរិយសាវ័កឃើញល្អហើយ បានដល់ ដែលអរិយសាវ័កឃើញហើយ ដោយល្អ ដោយអំណាចការកើតឡើងតៗ គ្នា ។