អដ្ឋកថា ទុក្ខសមុទយសច្ច - សេចក្តី រលត់នៃទុក្ខ

ក្បាលទី 20 · ទំព័រ 877

គប្បីជ្រាបវិនិច្ឆ័យក្នុងទុក្ខនិរោធសូត្រទី ៣ ដូចតទៅ បទថា ទុក្ខស្ស បានដល់ វដ្តទុក្ខ ទុក្ខ គឺការវិលវល់ស្លាប់កើត ។ ហេតុ កើតក្នុងបទថា សមុទយំ មាន ២ យ៉ាង គឺ ខណិកសមុទយ ១ បច្ចយសមុទយ ១ ។ ភិក្ខុសូម្បីឃើញហេតុកើត គឺបច្ច័យ ឈ្មោះថា ឃើញហេតុ កើតដែលប្រព្រឹត្តទៅមួយជួរខណៈ សូម្បីឃើញហេតុកើតដែលប្រព្រឹត្តទៅ មួយជួរខណៈ ក៏ឈ្មោះថា ឃើញហេតុកើត គឺបច្ច័យ ។ ការរលត់ក្នុងបទថា អដ្ឋង្គមោ មាន ២ យ៉ាង គឺ អច្ចន្តអដ្ឋង្គមំ ១ ភេទអដ្ឋង្គមំ ១ ភិក្ខុឃើញការរលត់ ដោយឥតសេសសល់ ក៏ឈ្មោះថា ឃើញការរលត់ គឺការបែកធ្លាយ សូម្បីឃើញការរលត់ គឺការបែកធ្លាយ ក៏ឈ្មោះថា ឃើញការរលត់ដោយ ឥតសេសសល់ ។ បទថា ទេសេស្សាមិ បានដល់ តថាគតនឹងសម្តែងការកើត និងការរលត់ ដែលឈ្មោះថា ការកើត និងការរលត់នៃវដ្តទុក្ខនេះ អធិប្បាយថា ពួកអ្នកចូរស្តាប់ហេតុកើត និងហេតុរលត់នោះ ។ បទថា បដិច្ច បានដល់ ព្រោះការប្រជុំនៃធម៌ ៣ ប្រការ ទើបកើតផស្សៈ ព្រោះធ្វើឲ្យជាបច្ច័យ ដោយអំណាចនិស្សយប្បច្ច័យ និង អារម្មណប្បច្ច័យ ។ បទថា អយំ ខោ ភិក្ខវេ ទុក្ខស្ស សមុទយោ បាន ដល់ នេះឈ្មោះថា ជាការកើតឡើងនៃវដ្តទុក្ខ ។ បទថា អដ្ឋង្គមោ ប្រែថា ការបែកធ្លាយ ។ វដ្តទុក្ខ ឈ្មោះថា ត្រូវទម្លាយហើយ មិនមានបដិសន្ធិ ដោយប្រការដូច្នោះ ។