ជាណុស្សោណិសូត្រទី ៧

ក្បាលទី 20 · ទំព័រ 887

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះឯង ព្រាហ្មណ៍ ឈ្មោះជាណុស្សោណិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ ជាមួយនឹងព្រះមានព្រះភាគ ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់មានឬហ្ន៎ ។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថារបស់ ទាំងអស់មាន នេះជាផ្លូវលាមកទីមួយ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះ របស់ទាំងអស់មិនមានទេឬ ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មិន មាន នេះជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគតមិនបានប៉ះពាល់ធម៌ លាមក ២ ប្រការនុ៎ះទេ សម្តែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ការរលត់ នៃសង្ខារ ព្រោះការវិនាស និងការរលត់ មិនសេសសល់នៃអវិជ្ជា ការរលត់ នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់ នុ៎ះ តែងមានយ៉ាងនេះ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។ បេ ។ អ្នកដល់នូវសរណៈស្មើ ដោយជីវិត ។