លោកាយតិកសូត្រទី ៨
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះឯង ព្រាហ្មណ៍ ឈ្មោះលោកាយតិកៈ បានចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះលោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់មានឬហ្ន៎ ។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ ទាំងអស់មាន នេះជាលោកាយតៈជាច្បង ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់មិនមានទេឬ ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មិន មាន នេះជាលោកាយតៈទីពីរ ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពតែមួយឬ ។ ម្នាលព្រាហ្មណ៍ ពាក្យថារបស់ទាំងអស់មានសភាព តែមួយ នេះជាលោកាយតៈទីបី ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់មានសភាព ផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាលព្រាហ្មណ៍ តថាគតមិនបានប៉ះពាល់ ផ្លូវលាមកទាំង ២ នេះទេ សម្តែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើងព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើងព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ការរលត់នៃ សង្ខារ ព្រោះការវិនាស និងការរលត់ មិនសេសសល់នៃអវិជ្ជា ការរលត់នៃ វិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ លោកាយតិកព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះ ណាស់ ។ បេ ។ អ្នកដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។