អដ្ឋកថា ឧបាទានសូត្រទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងឧបាទានសូត្រទី ២ ដូចតទៅនេះ បទថា ឧបទានីយេសុ បានដល់ ក្នុងធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាបច្ច័យ នៃឧបាទាន ៤ ។ បទថា អស្សាទានុបស្សិនោ គឺឃើញរឿយៗ នូវការ ពេញចិត្ត ។ បទថា តត្រ គឺគំនរភ្លើងនោះ ។ បទថា តទាហារោ គឺមានបច្ច័យយ៉ាងនោះ ។ បទថា តទុបទានោ ជាវេវចនៈនៃបច្ច័យនោះឯង ។ ក្នុងបទថា ឯវមេវ ខោ នេះ ភព ៣ ឬដែលហៅថា វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ក្តី គប្បីឃើញថា ដូចជាគំនរភ្លើង ។ បុថុជ្ជនល្ងង់ខ្លៅដែលអាស្រ័យវដ្តៈ គឺការវិលវល់ស្លាប់ កើត ដូចបុរសបម្រើភ្លើង ។ ការធ្វើកម្មដែលជាកុសល និងអកុសលតាម ទ្វារ ៦ ដោយអំណាចតណ្ហាជាដើមនៃបុថុជ្ជន ដែលឃើញការពេញចិត្ត រឿយៗ ដូចការដាក់អាចម៍គោក្រៀមជាដើម ការកើតឡើងនៃវដ្តទុក្ខក្នុងភពតៗ ទៅ ព្រោះបុថុជ្ជនល្ងង់ខ្លៅ ក្រោកឡើងហើយ ក្រោកឡើងទៀត ព្យាយាម ធ្វើកម្មតាមដែលពោលហើយ ដូចកាលស្មៅ និងអាចម៍គោជាដើមអស់ហើយ គំនរភ្លើងក៏នៅឆេះសន្ធោសន្ធៅរឿយៗ ទៅ ព្រោះដាក់ស្មៅ និងអាចម៍គោ ទាំងនោះចូលទៅរឿយៗ ។ បទថា ន កាលេន កាលំ សុក្ខានិ ចេវ តិណានិ បក្ខិបេយ្យ អធិប្បាយថា បុគ្គលណាម្នាក់ប្រាថ្នាប្រយោជន៍ គប្បីពោលនឹងបុរស នោះយ៉ាងនេះថា នែបុរស ហេតុអ្វី ទើបអ្នកក្រោកឡើងហើយ ក្រោកឡើង ទៀត ជាន់នូវអំបែង យកស្មៅ និងឈើស្ងួតដាក់ក្នុងកំប្រោងរហូតពេញ ដាក់អាចម៍គោស្ងួតចូលទៅ ធ្វើគំនរភ្លើងនេះឲ្យឆេះទ្រលោម ព្រោះការធ្វើនេះ ជាហេតុ សេចក្តីចម្រើនណាមួយ រមែងមានដល់អ្នកខ្លះឬ ។ បុរសនោះ ពោលថា នែអ្នក ការធ្វើដូច្នេះ ជាបវេណីរបស់ពួកខ្ញុំ តែការធ្វើដូច្នេះ ក៏មិន មានសេចក្តីចម្រើនដល់ខ្ញុំឡើយ ការចម្រើននឹងមានអំពីណា ។