ទុតិយសំយោជនសូត្រទី ៤
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេងឆេះឡើងបាន ព្រោះអាស្រ័យប្រេង ផង ព្រោះអាស្រ័យប្រឆេះផង ( បើ ) បុរសចាក់ប្រេង វេញប្រឆេះដាក់ ក្នុងប្រទីបប្រេងនោះ គ្រប់កាលហើយ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេងដែលមានប្រេង និងប្រឆេះនោះជាអាហរផង មានប្រេង និង ប្រឆេះនោះជាគ្រឿងឆេះផង មុខជាឆេះអស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញនូវសេចក្តីត្រេកអរ ក្នុង សញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ញារមែងចម្រើនឡើង ឧបាទានចម្រើន ឡើង ព្រោះតណ្ហាជាបច្ច័យ ។ បេ ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រមនៃ កងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ប្រទីបប្រេងឆេះបាន ព្រោះអាស្រ័យ ប្រេងផង ព្រោះអាស្រ័យប្រឆេះផង ( តែបើ ) បុរសមិនបានចាក់ប្រេង មិន វេញប្រឆេះដាក់ក្នុងប្រទីបប្រេងនោះគ្រប់កាលទេ ( ប្រទីបប្រេងនោះ មិនអាច ឆេះបាន ) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ប្រទីបប្រេងដែលមិនមានអាហារ នោះ ក៏រលត់ទៅព្រោះការអស់គ្រឿងឆេះពីមុនផង ព្រោះការមិនបន្ថែម របស់ឯទៀតផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណា ឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់ នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ។ បេ ។ ក៏យ៉ាងនោះឯង ការរលត់ ទៅនៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ ។