អដ្ឋកថា មហារុក្ខសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមមហារុក្ខសូត្រទី ៥ ដូចតទៅនេះ បទថា ឧទ្ធំ ឱជំ អភិហរន្តិ បានដល់ ស្រូបរសដី និងរសទឹកឡើងទៅលើ ។ ព្រោះឱជាត្រូវបានស្រូបឡើងទៅលើដើម ឈើកម្ពស់ ១០០ ហត្ថ ក៏មាន ជ័រស្អិត ទើបតាំងនៅបាន ដូចតំណក់ទឹកត្រង់ចុងពន្លក ក្នុងសេចក្តីនេះ មាន ការប្រៀបធៀបឧបមាដូច្នេះ វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដូចដើមឈើធំ ។ អាយតនៈទាំងឡាយដូចឫសឈើ ការសាងកម្មតាមទ្វារ ៦ ដូចការបឺតឱជា ឡើងអំពីបឫស ។ ការតាំងនៅបានអស់កាលយូរនៃបុថុជ្ជនល្ងង់ខ្លៅ ដែល អាស្រ័យនៅក្នុងវដ្តៈ ព្យាយាមញ៉ាំងកម្មតាមទ្វារ ៦ ដោយអំណាចវដ្តៈក្នុង ភពតៗ ទៅ មានការចម្រើនដុះដាល ដូចដើមឈើតាំងនៅអស់មួយកប្ប ព្រោះឱជាចម្រើនដុះដាល ។ បទថា កុទ្ទាលបិដកំ ប្រែថា ចងនឹងល្អី ។ បទថា ខណ្ឌាខណ្ឌិកំ ឆិន្ទេយ្យ សេចក្តីថា កាត់ឲ្យតូចឲ្យធំ បានដល់ ឲ្យជា កំណាត់តូចធំ ។ ក្នុងសេចក្តីនេះ មានការប្រៀបធៀបដោយឧបមាដូច្នេះថា ក្នុងព្រះសូត្រនេះ វដ្តៈដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដូចដើមឈើធំ ។ ព្រះយោគាវ ចរ ដូចបុរសដែលត្រូវការគល់ដើមឈើ ។ ញាណ គឺការដឹង ដូច ចប សមាធិ ដូចល្អី ញាណដូចពូថៅសម្រាប់កាត់ដើមឈើ បញ្ញារបស់ព្រះ យោគីដែលរៀនកម្មដ្ឋានក្នុងសម្នាក់របស់អាចារ្យ ហើយមនសិការ ដូចវេលា ដែលដើមឈើត្រូវកាត់បឫស ។ វេលាមនសិការមហាភូតរូប ៤ ដោយ សង្ខេប ដូចវេលាដែលកាត់ជាកំណាត់តូចធំ ។ គ្រាមនសិការដោយពិស្តារ ក្នុងកោដ្ឋាស ៤២ ដូចការពុះ ។ ការកំណត់នាមរូប ដោយអំណាចនៃធម៌ ទាំងនេះ គឺឧបាទាយរូប និងវិញ្ញាណដែលមានរូបក្ខន្ធជាអារម្មណ៍ ដូចវេលា ជ្រៀកជាចម្រៀក ការស្វែងរកបច្ច័យនៃនាមរូបនោះឯង ដូចការដកបឫស ។