ប្រវត្តិព្រះអានន្ទត្ថេរ

ក្បាលទី 20 · ទំព័រ 946

បានឮមកថា ក្នុងមួយសែនកប្ប រាប់អំពីភទ្ទកប្បនេះទៅ មានព្រះសាស្តា ព្រះនាមថា បទុមុត្តរៈ ទ្រង់កើតហើយក្នុងលោក ទ្រង់មាននគរជាទីប្រថាប់ ឈ្មោះហង្សវតី ព្រះរាជបិតាឈ្មោះអានន្ទ ព្រះមាតាឈ្មោះសុមេធា ព្រះ ពោធិសត្វឈ្មោះឧត្តរកុមារ ទ្រង់បានចេញមហាភិន្រេស្កមណ៍ក្នុងថ្ងៃដែលព្រះ ឱរសប្រសូត ទ្រង់ព្រះផ្នួសហើយ ប្រកបសេចក្តីព្យាយាមរឿយៗ ទ្រង់ សម្រេចសព្វញ្ញុតញ្ញាណតាមលំដាប់ ទ្រង់បន្លឺឧទានថា អនេកជាតិសង្សារំ ជាដើម ទ្រង់ឲ្យកាលកន្លងទៅត្រង់ពោធិបល្ល័ង្កអស់ ៧ ថ្ងៃហើយ ទ្រង់លើក ព្រះបាទចេញ ដោយទ្រង់ព្រះតម្រិះថា តថាគតនឹងយកជើងជាន់ផែនដី ។ ខណៈនោះ ផ្កាឈូកធំទម្លាយផែនដីប្រាកដឡើង ត្របកផ្កាឈូកនោះវាស់បាន ៩០ ហត្ថ កេសរ ៣០ ហត្ថ ស្នូល ១២ ហត្ថ មានលំអងកេសរ ៩ ក្អម ។ ឯព្រះសាស្តា ទ្រង់មានកម្ពស់ ៥៨ ហត្ថ ចន្លោះព្រះពាហាទាំង ២ របស់ព្រះអង្គប្រវែង ១៨ ហត្ថ ព្រះនលាដ ៥ ហត្ថ ព្រះហស្ត និងព្រះបាទ ១១ ហត្ថ ព្រះអង្គទ្រង់ប្រើព្រះបាទ ១១ ហត្ថជាន់ផ្កាឈូកប្រមាណ ១២ ហត្ថ លំអងកេសរមានប្រមាណ ៩ ក្អម ក៏ផ្សាយឡើងក្នុងទីប្រមាណ ៥៨ ហត្ថ ដូចលំអិតមនោសិលាដែលដេរដាស ដូច្នោះ អាស្រ័យហេតុនោះ ទើបព្រះមាន ព្រះភាគមាននាមប្រាកដថា បទុមុត្តរៈ ។ ព្រះអង្គមានអគ្គសាវ័ក ២ រូប គឺព្រះទេវិល និងព្រះសុជាត អគ្គសាវិកា ២ រូប គឺព្រះនាងអមិតា និងព្រះនាងអសមា ។ ឧបដ្ឋាកឈ្មោះសុមនៈ ។ ព្រះមានព្រះភាគបទុមុត្តរៈ កាលទ្រង់ធ្វើការសង្គ្រោះព្រះបិតា ប្រថាប់នៅឯ ហង្សវតីរាជធានី មានភិក្ខុ ១ សែនអង្គជាបរិវារ ។ ម្យ៉ាងទៀត ព្រះកនិដ្ឋភាតា គឺប្អូនប្រុសរបស់ទ្រង់ គឺព្រះនាមថា សុមនកុមារ ។