អស្សុតវាសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយដែលកើតអំពី មហាភូតទាំង ៤ នេះ ដំណើរនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតឡើងក្តី ដំណើរបែកធ្លាយ ក្តី នៃកាយដែលកើតអំពីមហាភូតទាំង ៤ នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះ ផង ក្នុងកាយដែលកើតអំពីមហាភូតទាំង ៤ នោះ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងធម្មជាតណាដែលហៅថា ចិត្តខ្លះ ហៅថា មនោខ្លះ ហៅថា វិញ្ញាណខ្លះ បុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះក្នុងធម្មជាតនោះបានឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយអស់កាលជាអង្វែងថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះក្នុងធម្មជាត នោះបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងប្រកាន់ កាយដែលកើតអំពីមហាភូតទាំង ៤ នេះថាប្រសើរ ដោយថាជាខ្លួន តែមិន ប្រកាន់នូវចិត្តឡើយ ដំណើរនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង ៤ នេះ កាលបើឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅ បានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិតនៅបានប្រាំឆ្នាំ