នគរសូត្រទី ៥
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះ ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុនអំពីការត្រាស់ដឹង កាលតថាគតនៅជា ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺ ជរា មរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលនូវសេចក្តី ទុក្ខ គឺជរា មរណៈនេះ នឹងប្រាកដឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាង នេះថា កាលបើមានអ្វីហ្ន៎ ទើបមានជរា មរណៈ ជរា មរណៈមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយបញ្ញា ព្រោះយោនិសោមនសិការថា កាលបើមានជាតិ ទើបមានជរា មរណៈ ជរា និងមរណៈមាន ព្រោះជាតិជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះក៏ មានសេចក្តីត្រិះរិះយ៉ាងនេះ ( តទៅទៀត ) ថា កាលបើមានអ្វីហ្ន៎ ទើបមាន ជាតិ ។ បេ ។ ទើបមានភព … ទើបមានឧបាទាន … ទើបមានតណ្ហា … ទើប មានវេទនា … ទើបមានផស្សៈ … ទើបមានសឡាយតនៈ … ទើបមាននាម រូប នាមរូបមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះក៏បាន ត្រាស់ដឹងដោយបញ្ញា ព្រោះយោនិសោមនសិការថា កាលបើមានវិញ្ញាណ ទើបមាននាមរូប នាមរូបមានព្រោះវិញ្ញាណជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមាន វិញ្ញាណ វិញ្ញាណមានព្រោះអ្វីជាបច្ច័យ ។