អដ្ឋកថា សម្មសសូត្រទី ៦

ក្បាលទី 20 · ទំព័រ 1035

ក្នុងសម្មសសូត្រទី ៦ មានវិនិច្ឆ័យដូច្នេះ បទថា អាមន្តេសិ សេចក្តីថា សួរថា ព្រោះហេតុអ្វី ទើបត្រាស់ហៅ ឆ្លើយថា ព្រោះព្រះធម្មទេសនាល្អិតសុខុម នាំព្រះត្រៃលក្ខណ៍មកប្រាកដ ។ បានឮថា ក្នុងជនបទ នោះ ពួកមនុស្សជាបុគ្គលមានហេតុផល មានបញ្ញា បានឮថា ភោជនីយាហារទាំងឡាយក្នុងជនបទនោះល្អិត ។ កាលមហាជនបរិភោគអាហារ ទាំងនោះ បញ្ញាក៏រីកចម្រើន ពួកជនទាំងនោះអាចចាក់ធ្លុះធម្មកថាដ៏ជ្រាលជ្រៅ នាំមកនូវត្រៃលក្ខណ៍បាន ព្រោះហេតុនោះឯង ទើបព្រះមានព្រះភាគត្រាស់ ព្រះសូត្រ ដែលជ្រាលជ្រៅដទៃៗ ដូចជាមហាសតិប្បដ្ឋានសូត្រ មហានិទានសូត្រ អនេញ្ជសប្បាយសូត្រ ក្នុងទីឃនិកាយ និងមជ្ឈិមនិកាយ ចូឡនិទានសូត្រ ក្នុងសំយុត្តនិកាយ ក្នុងជនបទនោះឯង ។ បទថា សម្មសថ នោ បានដល់ ពិចារណាហ្ន៎ ។ បទថា អន្តរំ សម្មសំ បានដល់ ពិចារណា បច្ច័យខាងក្នុង ។ បទថា ន សោ ភិក្ខុ ភគវតោ ចិត្តំ អារាធេសិ សេចក្តី ថា ភិក្ខុនោះមិនព្យាករយ៉ាងនោះ កាលព្យាករដោយអំណាចអាការ ៣២ ទើប មិនអាចទាញអធ្យាស្រ័យរបស់ព្រះមានព្រះភាគ ដែលមានបំណងឲ្យព្យាករ ដោយអំណាចបច្ចយាការ ។ បទថា ឯតទវោច សេចក្តីថា ទេសនាមិនទៅ តាមអនុសន្ធិ បានត្រាស់ពាក្យនេះ ដើម្បីទេសនាពាក្យនោះទៅតាមអនុសន្ធិ ។ បទថា តេនហានន្ទ សុណាថ នេះជាបទមិនបែកផ្សេងគ្នា ក្នុងព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ពិតហើយ ក្នុងទីដទៃ ឈ្មោះថា ពាក្យ ដែលពោលយ៉ាងនេះមិនមាន ។ បទថា ឧបធិនិទានំ បានដល់ មានឧបធិ គឺខន្ធជាហេតុ ពិតហើយ ខន្ធ ៥ ក្នុងទីនេះ លោកហៅថា ឧបធិ ។