អដ្ឋកថា ឧបយន្តិសូត្រទី ៩

ក្បាលទី 20 · ទំព័រ 1057

ក្នុងសូត្រទី ៩ មានវិនិច្ឆ័យដូច្នេះ បទថា ឧបយន្តោ សេចក្តី ថា ហូរទៅក្នុងវេលាទឹកជោរ ។ បទថា មហានទិយោ បានដល់ ស្ទឹងធំ មានស្ទឹងគង្គា និងយមុនាជាដើម ។ បទថា ឧបយាបេតិ សេចក្តីថា ឲ្យជោរ ទៅ អធិប្បាយថា ឲ្យបន្ថែម គឺឲ្យពេញ ។ បទថា អវិជ្ជា ឧបយន្តិ សេចក្តី ថា អវិជ្ជារមែងជន់ទៅខាងលើ ឬអាចជាបច្ច័យដល់សង្ខារទាំងឡាយ ។ បទថា សង្ខារេ ឧបយាបេតិ សេចក្តីថា រមែងញ៉ាំងសង្ខារខាងលើឲ្យប្រព្រឹត្តទៅ គឺឲ្យចម្រើន ។ គប្បីជ្រាបសេចក្តី គ្រប់ៗ បទ ដោយប្រការដូច្នេះ ។ បទថា អបយន្តោ បានដល់ ផ្លាស់ទៅ គឺស្រកចុះ ។ បទថា អវិជ្ជា អបយន្តិ សេចក្តីថា អវិជ្ជាទៅប្រាស គឺស្រកចុះ រមែងមិនអាចញ៉ាំង បច្ច័យដល់សង្ខារខាងលើបាន ។ បទថា សង្ខរេ អបយាបេតិ បានដល់ រមែងមិនញ៉ាំងសង្ខារឲ្យប្រព្រឹត្តទៅ ។ ក្នុងបទទាំងពួងក៏ន័យនេះ ។