សុសិមសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះមានព្រះភាគ មានមនុស្ស និងទេវតាធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះអង្គបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទាំងភិក្ខុសង្ឃក៏មានមនុស្ស និងទេវតា ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដែរ ។ ចំណែកខាងពួក បរិព្វាជក ជាអន្យតិរ្ថិយ គេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង ជាអ្នកមិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយឡើយ ។ សម័យនោះឯង បរិព្វាជកឈ្មោះសុសិមៈនៅអាស្រ័យក្នុង ក្រុងរាជគ្រឹះ ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន ។ គ្រានោះ ពួកបរិស័ទ របស់សុសិមបរិព្វាជក បាននិយាយពាក្យនេះនឹងសុសិមបរិព្វាជកថា ម្នាល អាវុសោសុសិមៈ អ្នកចូរមកអាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ក្នុង ( សម្នាក់ ) ព្រះសមណគោតម ចូរអ្នករៀនធម៌ ហើយបង្ហាញយើងទាំងឡាយផង យើង ទាំងឡាយនឹងរៀនធម៌នោះ ហើយសម្តែងប្រាប់គ្រហស្ថទាំងឡាយ កាលបើ យ៉ាងនេះ ពួកយើងមុខជានឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោត ក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ ភេសជ្ជបរិក្ខារទាំងឡាយមិនខាន ។ សុសិមបរិព្វាជក ទទួលពាក្យបរិស័ទរបស់ខ្លួន