អដ្ឋកថា ទុតិយសត្ថុសុត្តាទិទសកំទី ២-១១

ក្បាលទី 20 · ទំព័រ 1089

សត្ថុសូត្រជាដើម ខាងមុខអំពីនេះ ១២ សូត្រ ដែលប្រព្រឹត្តទៅដោយន័យ ជាដើមថា សត្ថា បរិយេសិតព្វោ ដូច្នេះ ឈ្មោះថា អន្តរបេយ្យាលវគ្គ ។ ព្រះសូត្រទាំងអស់នោះ លោកពោលតាមអធ្យាស្រ័យរបស់វេនេយ្យបុគ្គល ដែលត្រាស់ដឹងដោយប្រការនោះៗ ។ ក្នុងបទទាំងនោះ បទថា សត្ថា បាន ដល់ ជាព្រះពុទ្ធក្តី សាវ័កក្តី ដែលជាទីអាស្រ័យរបស់អ្នកបានមគ្គញ្ញាណ នេះឈ្មោះថា សាស្តានោះគប្បីស្វែងរក ។ បទថា សិក្ខា ករណីយា បានដល់ គប្បីធ្វើសិក្ខាទាំង ៣ យ៉ាង ។ បណ្តាយោគៈជាដើម បទថា យោគោ បានដល់ ការប្រកប ។ បទថា ឆន្ទោ បានដល់ ការពេញចិត្តក្នុងកុសល គឺភាពជាអ្នកប្រាថ្នានឹងធ្វើ ។ បទថា ឧស្សោឡិ បានដល់ សេចក្តីព្យាយាមដែលមានប្រមាណក្រៃលែង ដែលអត់ធន់ចំពោះវត្ថុទាំងពួង ។