អដ្ឋកថា នខសិខាសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងនខសិខាសូត្រទី ១ នៃអភិសមយវគ្គទី ១០ ដូច្នេះ បទថា នខសិខាយ សេចក្តីថា ត្រង់ចុងក្រចកដែលដុះផុតអំពី សាច់ ពិតហើយ ឈ្មោះថា ចុងក្រចក ជារបស់ធំសម្រាប់លោកិយជន តែ សម្រាប់ព្រះសាស្តា ជារបស់ល្អិត ដូចចុងផ្កាឧប្បលក្រហម សួរថា បើ ដូច្នោះ ធូលីនឹងតាំងនៅត្រង់ចុងក្រចកនោះបានដូចម្តេច ឆ្លើយថា តាំងនៅ បានដោយកម្លាំងអធិដ្ឋាន ព្រោះថា ព្រះមានព្រះភាគ មានបំណងនឹងឲ្យ បុគ្គលដឹងអត្ថ ទើបទ្រង់ឲ្យធូលីនោះតាំងនៅត្រង់ចុងក្រចក ដោយអធិដ្ឋានពល ។ បទថា សតិមំ កលំ សេចក្តីថា ចែកធូលីក្នុងផែនដីធំជា ១០០ ចំណែក គប្បីកាន់យកអំពី ១០០ ចំណែកនោះត្រឹមតែ ១ ចំណែក ។ ឯ ន័យនេះក៏ដូចគ្នា ។ បទថា អភិសមេតាវិនោ បានដល់ ដែលត្រាស់ដឹងអរិយសច្ចដោយបញ្ញា សូម្បីខាងមុខតាំងនៅ ។ បទថា បុរិមំ ទុក្ខក្ខន្ធំ បរិក្ខីនំ បរិយាទិន្នំ ឧបនិធាយ សេចក្តីថា ប្រៀបធៀបគំនរទុក្ខ ដែលត្រាស់ទុក្ខ ដំបូងយ៉ាងនេះថា ទុក្ខនេះឯង គឺដែលអស់ទៅ ដែលកន្លងទៅហើយមាន ច្រើនជាង អធិប្បាយថា នៅក្នុងសម្នាក់របស់លោក ពិចារណាដោយញាណ ដោយវៀរកងទុក្ខដែលច្រើនជាងនោះ ក្នុងសម្នាក់នៃភិក្ខុនោះ ។ សួរថា ក្នុង ទីនេះ ដែលឈ្មោះថា ទុក្ខ មានក្នុងកាលមុនដូចម្តេច ទុក្ខដែលអស់ទៅដូចម្តេច ទុក្ខដែលគប្បីកើតឡើង ព្រោះមិនអប់រំបឋមមគ្គដូចម្តេច ទុក្ខដែល គប្បីកើតឡើងក្នុងអត្តភាពទាំង ៧ ក្នុងអបាយ និងក្នុងទីណានីមួយ តាំងអំពី បដិសន្ធិទី ៨ ទៅ ទុក្ខទាំងអស់នោះ គប្បីជ្រាបថា ជាបរិក្ខីនទុក្ខ គឺទុក្ខដែល អស់ទៅ ។