បោក្ខរណីសូត្រទី ២
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណីមានបណ្តោយ ៥០ យោជន៍ ទទឹង ៥០ យោជន៍ ជម្រៅ ៥០ យោជន៍ ពេញដោយទឹកស្មើមាត់ច្រាំង ល្មមក្អែកឱនផឹកបាន មានបុរសម្នាក់ទៅដួសទឹកអំពីស្រះនោះដោយចុងស្បូវ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច ទឹកដែល បុរសដួសដោយចុងស្បូវ និងទឹកក្នុងស្រះបោក្ខរណី តើណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីនេះ ច្រើនជាងទឹកដែលបុរស ដួសឡើង ដោយចុងស្បូវមានប្រមាណតិចណាស់ ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ យកទៅប្រៀបធៀបោនឹងទឹកក្នុងស្រះបោក្ខរណី មិនដល់នូវ ចំណែកមួយក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយក្នុងមួយពាន់ ចំណែក មិនដល់នូវចំណែកមួយក្នុងមួយសែនចំណែកឡើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យដូចបុគ្គលជា អរិយសាវ័ក ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ត្រាស់ដឹងនូវអរិយសច្ច រមែងមានទុក្ខ ដែលអស់ទៅ សាបសូន្យទៅច្រើនជាង ឯទុក្ខដែលសល់នៅសំដៅយកត្រឹម ៧ អត្តភាពមានប្រមាណតិចណាស់ មិនដល់នូវចំណែកមួយ ក្នុងមួយរយ ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែក មួយក្នុងមួយសែនចំណែក ដោយការប្រៀបធៀបោនឹងកងទុក្ខដែលអស់ទៅ សាបសូន្យទៅឡើយ ។ ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹងធម៌មានប្រយោជន៍ ច្រើនយ៉ាងនេះ ការបានធម្មចក្ខុមានប្រយោជន៍យ៉ាងនេះ ។