សម្ភេជ្ជឧទកសូត្រទី ៣
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចទន្លេទាំងនេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី តែងហូរមកប្រសព្វរលាយចូលស្មើគ្នា ក្នុងទីណា បុរសម្នាក់ទៅ ដួសយកតំណក់ទឹកពីរបីតំណក់ អំពីទីនោះ ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយសម្គាល់ហេតុនោះដូចម្តេច តំណក់ទឹកពីរបីតំណក់ដែលបុរសនោះ ដួស និងទឹកដែលហូរមកប្រសព្វរលាយចូលគ្នា តើណាច្រើនជាង ។ បពិត្រ ព្រះអង្គដ៏ចម្រើន ទឹកដែលហូរមកប្រសព្វរលាយចូលគ្នានុ៎ះឯង ច្រើនជាង តំណក់ទឹកពីរបីតំណក់ដែលបុរសដួសនុ៎ះ មានប្រមាណតិចណាស់ តំណក់ ទឹកពីរបីតំណក់ដែលបុរសដួសនោះ យកទៅប្រៀបធៀបោនឹងទឹកដែលហូរមក ប្រសព្វរលាយចូលគ្នា មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិន ដល់នូវចំណែកមួយ ក្នុងចំណែកមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច ។ បេ ។ ការបាននូវធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ ។ អដ្ឋកថា បឋមសម្ភេជ្ជឧទកសូត្រ ក្នុងបឋមសម្ភេជ្ជឧទកសូត្រទី ៣ មានវិនិច្ឆ័យដូច្នេះ បទថា យត្ថិមា សេចក្តីថា ស្ទឹងធំទាំងនេះ ក្នុងទីដែលបែកគ្នាណា ។ បទថា សំសន្ទន្តិ សេចក្តីថា ហូរទៅដោយជុំវិញ ។ បទថា សមេន្តិ បានដល់ មកជួបគ្នា ។ បទថា ទ្វេ វា តីណិ វា ប្រែថា ២ ក្តី ៣ ក្តី ។ បទថា ឧទកផុសិតានិ បានដល់ តំណក់ទឹក ។ បទថា សម្ភេជ្ជឧទកំ បានដល់ ទឹកដែលបែកចេញអំពីស្ទឹងដទៃៗ ។