ទុតិយបឋវីសូត្រទី ៦

ក្បាលទី 20 · ទំព័រ 1102

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចមហាប្រឹថពី គប្បីអស់ទៅ វិនាសទៅ វៀរលែង តែដុំដី ៧ ដុំ ប៉ុនផ្លែពុទ្រា ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ ហេតុនោះដូចម្តេច មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ និងដុំដី ៧ ដុំ ប៉ុនផ្លែពុទ្រា ដែលសល់នៅ តើណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីដែលអស់ទៅ វិនាសទៅច្រើនជាង ឯដុំដី ៧ ដុំ ប៉ុនផ្លែពុទ្រា ដែលសល់នៅ មានប្រមាណតិចណាស់ ដុំដី ៧ ដុំប៉ុនផ្លែពុទ្រាដែលសល់នៅ យកទៅប្រៀបធៀបនឹងមហាប្រឹថពី ដែលអស់ទៅ វិនាសទៅ មិនដល់ នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច ។ បេ ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ ។ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ម្នាលភិក្ខុទាំងឡាយ ដូចបុរសដួសយកតំណក់ទឹកពីរបីតំណក់ ពី មហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះថា ដូចម្តេច តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង និងទឹកក្នុងមហាសមុទ្រ តើណាច្រើនជាង ។ បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងមហាសមុទ្រ ច្រើនជាង ឯតំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង មានប្រមាណតិចណាស់ តំណក់ទឹកពីរបីតំណក់ ដែលបុរសដួសឡើង យកទៅប្រៀបធៀបោនឹងទឹកក្នុង មហាសមុទ្រ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវ ចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែន ចំណែកឡើយ ។