ធាតុនានត្តសូត្រទី ១
ក្បាលទី 21 · ទំព័រ 2
ព្រះមានព្រះភាគ ទ្រង់គង់នៅ ជិតក្រុងសាវត្ថី … ទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធាតុមានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធាតុមានសភាពផ្សេងគ្នានោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះ ធាតុមានសភាពផ្សេងគ្នា ដូចម្តេច ។ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា ។