អដ្ឋកថា ធាតុនានត្តសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងធាតុសូត្រទី ១ នៃនានត្តវគ្គទី ១ ដូចតទៅនេះ ការដែលធម៌មានសភាវៈផ្សេងគ្នា បានឈ្មោះថា ធាតុ ព្រោះអត្ថថា ជា សភាវៈ ពោល គឺមានអត្ថថា មិនមែនសត្វ និងអត្ថថា ជារបស់សូន្យ ដូច្នេះ ឈ្មោះថា ការផ្សេងគ្នានៃធាតុ ។ ក្នុងបទជាដើមថា ចក្ខុធាតុ សេចក្តីថា ចក្ខុបសាទ ឈ្មោះថា ចក្ខុធាតុ រូបារម្មណ៍ ឈ្មោះថា រូបធាតុ ចិត្តដែលមានចក្ខុបសាទជាទីអាស្រ័យ ឈ្មោះថា ចក្ខុវិញ្ញាណធាតុ សោតបសាទ ឈ្មោះថា សោតធាតុ សទ្ទារម្មណ៍ ឈ្មោះថា សទ្ទធាតុ ចិត្តដែលមានសោតបសាទជាទីអាស្រ័យ ឈ្មោះថា សោតវិញ្ញាណធាតុ ។ ឃានបសាទ ឈ្មោះថា ឃានធាតុ គន្ធារម្មណ៍ ឈ្មោះថា គន្ធធាតុ ចិត្តដែលមានឃានបសាទជាទីអាស្រ័យ ឈ្មោះថា ឃានវិញ្ញាណធាតុ ។ ជីវ្ហាបសាទ ឈ្មោះថា ជិវ្ហាធាតុ រសារម្មណ៍ ឈ្មោះថា រសធាតុ ចិត្តដែលមានជិវ្ហាបសាទជាទីអាស្រ័យ ឈ្មោះថា ជិវ្ហាវិញ្ញាណធាតុ ។ កាយបសាទ ឈ្មោះថា កាយធាតុ ផោដ្ឋព្វារម្មណ៍ ឈ្មោះថា ផោដ្ឋព្វធាតុ ចិត្តដែលមានកាយបសាទជាទីអាស្រ័យ ឈ្មោះថា កាយវិញ្ញាណធាតុ ។ មនោធាតុ ៣ ឈ្មោះថា មនោធាតុ ខន្ធ ៣ មាន វេទនាជាដើម សុខុមរូប និងនិព្វាន ឈ្មោះថា ធម្មធាតុ មនោវិញ្ញាណទាំងអស់ ឈ្មោះថា មនោវិញ្ញាណធាតុ ក្នុងទីនេះ ធាតុ ១៦ យ៉ាង ជា កាមាវចរ ធាតុ ២ ខាងចុង ប្រព្រឹត្តទៅក្នុងភូមិ ៤ ។