អដ្ឋកថា សញ្ញានានត្តសូត្រទី ៧

ក្បាលទី 21 · ទំព័រ 17

គប្បីជ្រាបវិនិច្ឆ័យក្នុងសញ្ញាសូត្រទី ៧ ដូច្នេះ បទថា រូបធាតុ សេចក្តីថា រូបារម្មណ៍ មានការជួតសំពត់សាដករបស់ខ្លួនជាដើម ឬរបស់អ្នកដទៃ តាំងនៅក្នុងគន្លងចក្ខុ ។ បទថា រូបសញ្ញា បានដល់ រូបសញ្ញាប្រកបដោយចក្ខុវិញ្ញាណ ។ បទថា រូបសង្កប្បោ សេចក្តីថា ការត្រិះរិះប្រកបដោយចិត្ត ៣ ដួង មានសម្បដិច្ឆន្នៈជាដើម ។ បទថា រូបឆន្ទោ បានដល់ ឈ្មោះថា ឆន្ទៈ ព្រោះអត្ថថា មានការពេញចិត្តក្នុងរូប ។ បទថា រូបបរិឡាហោ បានដល់ ឈ្មោះថា បរិឡាហ ព្រោះអត្ថថា តាមដុតក្នុងរូប ។ បទថា រូបបរិយេសនា សេចក្តីថា កាលការក្តៅក្រហាយកើតឡើង ការនាំយកមិត្រដែលមិនស្និទ្ធ ស្នាល និងមិត្រដែលស្និទ្ធស្នាលទៅហើយ ស្វែងរកដើម្បីបានរូបនោះ ។ ឯ ក្នុងទីនេះ សញ្ញា សង្កប្បៈ និងឆន្ទៈ បានក្នុងជវនវារៈជាមួយគ្នាខ្លះ ក្នុងជវនវារៈផ្សេងគ្នាខ្លះ ។ ចំណែកបរិឡាហៈ និងបរិយេសនាបានក្នុងជវនវារៈផ្សេង គ្នាតែម្យ៉ាង ។ ក្នុងបទថា ឯវំ ខោ ភិក្ខវេ ធាតុនានត្តំ នេះ គប្បីជ្រាបអត្ថ ដោយន័យនេះថា សញ្ញាមានសភាពផ្សេងគ្នា មានរូបសញ្ញាជាដើម រមែង កើតឡើងព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មានរូបជាដើម ។