សត្តធាតុសូត្រទី ១

ក្បាលទី 21 · ទំព័រ 30

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយ នេះ មាន ៧ ប្រការ ។ ធាតុទាំង ៧ ប្រការ តើដូចម្តេចខ្លះ ។ អាភាធាតុ ១ សុភាធាតុ ១ អាកាសានញ្ចាយតនធាតុ ១ វិញ្ញាណញ្ចាយតនធាតុ ១ អាកិញ្ចញ្ញាយតនធាតុ ១ នេវសញ្ញានាសញ្ញាយតនធាតុ ១ សញ្ញាវេទយិតនិរោធធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ធាតុ ៧ ប្រការ ។ កាល ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុ ក្តី បពិត្រព្រះអង្គដ៏ចម្រើន តើធាតុទាំងនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុ ( រស្មី ឬពន្លឺ ) នេះប្រាកដឡើង ព្រោះអាស្រ័យងងឹត ។ ម្នាល ភិក្ខុ ធាតុដែលហៅថា សុភាធាតុនេះ ប្រាកដឡើងព្រោះអាស្រ័យអសុភ ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកាសានញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះ អាស្រ័យរូប ។ ម្នាលភិក្ខុ ធាតុដែលហៅថា វិញ្ញាណញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកាសានញ្ចាយតនៈ ។ ម្នាលភិក្ខុ ធាតុដែល ហៅថា អាកិញ្ចញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនៈ ។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនៈ ។ ម្នាលភិក្ខុ ធាតុដែលហៅ ថា សញ្ញាវេទយិតនិរោធធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យនិរោធ ។