អដ្ឋកថា សត្តធាតុសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងសត្តិមសូត្រទី ១ នៃទុតិយវគ្គទី ២ ជាបន្តដូច្នេះ បទថា អាភាធាតុ បានដល់ អាលោកធាតុ ។ ពាក្យនោះ ជាឈ្មោះអាលោក គឺឈានដែលកើតឡើង ព្រោះធ្វើបរិកម្មក្នុងអាលោកកសិណ មានបីតិជាអារម្មណ៍ ។ បទថា សុភាធាតុ សេចក្តីថា ឈាន ព្រមដោយអារម្មណ៍ ដោយអំណាចឈានដែលកើតឡើងក្នុងសុភកសិណ ។ អាកាសានញ្ចាយតនៈ ឈ្មោះថា អាកាសានញ្ចាយតនធាតុ ។ សញ្ញាវេទយិតនិរោធ ឈ្មោះថា សញ្ញាវេទយិតនិរោធធាតុ ។ ព្រះមានព្រះភាគ កាល ប្រទានឱកាសដល់ភិក្ខុអ្នកឈ្លាសក្នុងអនុសន្ធិ អង្គុយហើយក្នុងទីនោះ បំណង នឹងសួរប្រស្នា ទើបញ៉ាំងទេសនាឲ្យចប់ ដោយប្រការដូច្នេះ ។ បទថា អន្ធការំ បដិច្ច សេចក្តីថា ឯការងងឹត កំណត់ហើយ ដោយពន្លឺសូម្បីពន្លឺក៏កំណត់ហើយដោយងងឹត ពន្លឺនោះប្រាកដបានដោយការ ងងឹត ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ថា អាភាធាតុ ព្រោះ អាស្រ័យការងងឹត ទើបប្រាកដបាន ។ ក្នុងបទនេះថា អសុភំ បដិច្ច ក៏ មានន័យនេះឯង ។ ការមិនស្អាត កំណត់ហើយដោយការស្អាត ការស្អាត កំណត់ហើយដោយការមិនស្អាត កាលការមិនស្អាតមាន ការស្អាតក៏ប្រាកដ បាន ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ ។ បទថា រូបំ បដិច្ច បានដល់ អាស្រ័យរូបាវចរសមាបត្តិ ។ ព្រោះថា កាលរូបាវចរសមាបត្តិមាន អាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថា រមែងមាន ឬការឈានកន្លងរូប ក៏មាន ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ សូម្បីក្នុងវិញ្ញាណញ្ចាយតនធាតុជាដើម ក៏មានន័យនេះឯង ។