អដ្ឋកថា សគាថាសូត្រទី ៦

ក្បាលទី 21 · ទំព័រ 53

ពួកភិក្ខុដែលមានបញ្ញាច្រើន រមែង ចោមរោមព្រះថេរៈនោះ ដោយគិតថា អញនឹងសួរបញ្ញាដែលជ្រាលជ្រៅ ដែលកម្ចាត់ត្រៃលក្ខណ៍បានហើយ ក្នុងលំដាប់ ខន្ធ ធាតុ អាយតនៈ សតិប្បដ្ឋាន និងពោធិបក្ខិយធម៌ ដោយប្រការដូច្នេះ សូម្បីព្រះថេរៈ រមែង ឆ្លើយប្រស្នាដែលពួកភិក្ខុសួរហើយ និងសួរហើយដល់ពួកភិក្ខុទាំងនោះ ហាក់ដូច ត្រឡប់នូវផែនដី ដូចការលើកខ្សាច់អំពីជើងភ្នំសិនេរុ ដូចទម្លាយភ្នំ កណ្តាប់ចក្រវាល ដូចលើកភ្នំសិនេរុឡើង ដូចពង្រីកអាកាសឲ្យទូលាយ និង ដូចឲ្យព្រះចន្ទ និងព្រះអាទិត្យរះ ដូច្នោះ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា សព្វេ ខោ ឯតេ ភិក្ខវេ ភិក្ខុ មហាបញ្ញា ដូច្នេះ ។