អដ្ឋកថា អស្សទ្ធសំសន្ទនសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងសតាបារទ្ធសូត្រទី ៦ ដូច្នេះ បទថា គូថោ គូថេន សំសន្ទតិ សមេតិ សេចក្តីថា លាមកនៅក្នុងរវាងសមុទ្រ រវាងជនបទ រវាងចក្រវាឡ ដោយពណ៌ក្តី ដោយក្លិនក្តី ដោយរសក្តី មិន ចូលដល់ការផ្សេងគ្នា រមែងចូលគ្នាបាន រួមគ្នាបាន ដូចគ្នានិងគ្នា ជានិរន្តរ ។ ក្នុងបទដ៏សេសក៏មានន័យនេះឯង ។ ឯឧបមាដោយរបស់មិនគួរប្រាថ្នានេះ លោកនាំមកដើម្បីសម្តែងការដែលអធ្យាស្រ័យ របស់អ្នកមានអធ្យាស្រ័យ អាក្រក់ស្មើគ្នា ។ ឧបមាដោយរបស់ល្អ មានទឹកដោះជាដើម លោកនាំមក ដើម្បីសម្តែងភាពដែលអធ្យាស្រ័យ របស់អ្នកមានអធ្យាស្រ័យល្អ ស្មើគ្នា ។ បទថា សំសគ្គា សេចក្តីថា ដោយការស្នេហាដោយតណ្ហា មានការឃើញ ការស្តាប់ និងការគប់រកជាដើម ជាទីតាំង ។ បទថា វនថោ ជាតោ បានដល់ ព្រៃ គឺកិលេសកើតហើយ ។ បទថា សំសគ្គេន ឆិជ្ជតិ សេចក្តីថា បើមិនធ្វើការឈរ និងការអង្គុយរួមគ្នា ក៏រមែងដាច់ ព្រោះមិនគប់រក មិនសមាគម គឺមិនជួបគ្នា ។ បទថា សាធុជីវី បានដល់ កាលនៅមានជីវិត ក៏មានជីវិតបរិសុទ្ធ ។ បទថា សហាវសេ បានដល់ គប្បីនៅរួមគ្នា ។