អដ្ឋកថា តិណកដ្ឋសូត្រទី ១

ក្បាលទី 21 · ទំព័រ 132

គប្បីជ្រាបវិនិច្ឆ័យក្នុងតិណកដ្ឋសូត្រទី ១ នៃអនមតគ្គសំយុត្ត ដូចតទៅនេះ បទថា អនមតគ្គោ ប្រែថា ទីបំផុតខាងដើមដែលបុគ្គលតាម ដឹងមិនបាន អធិប្បាយថា សង្សារ សូម្បីតាមទៅដោយញាណអស់ ១០០ ឆ្នាំ ១០០០ ឆ្នាំ មានទីបំផុតដឹងមិនបាន គឺមានទីបំផុតជ្រាបមិនបាន ។ សង្សារ នោះ បុគ្គលណាមិនអាចដឹងទីបំផុតខាងនេះ ឬខាងនោះបាន គឺមានខាងដើម ខាងចុង កំណត់មិនបាន ។ បទថា សំសារោ បានដល់ លំដាប់នៃខន្ធជាដើម ដែល ប្រព្រឹត្តទៅកំណត់មិនបាន ។ បទថា បុព្វា កោដិ ន បញ្ញាយតិ បានដល់ ព្រំដែនខាងដើមមិនប្រាកដ ឯទីបំផុតខាងដើមរបស់សង្សារនោះ រមែងមិន ប្រាកដដោយទីបំផុត ។ សូម្បីក្នុងទីបំផុតខាងចុង ក៏រមែងមិនប្រាកដដោយ ទីបំផុតនោះដូចគ្នា ។ ឯសត្វទាំងឡាយ រមែងអន្ទោលទៅត្រង់កណ្តាល ។ បទថា បរិយាទានំ គច្ឆេយ្យ នេះ លោកពោលថា ព្រោះ ជាឧបមាដោយវត្ថុតូច ឯក្នុងពាហិរសម័យ ប្រយោជន៍មានតិច ឧបមាមាន ច្រើន ។ កាលលោកពោលថា គោនេះដូចដំរី ជ្រូកដូចគោ ស្រះដូចសមុទ្រ ប្រយោជន៍ទាំងនោះ នឹងមានប្រមាណដូច្នោះក៏ទេ ។ ចំណែកក្នុងពុទ្ធសម័យ ឧបមាមានតិច ប្រយោជន៍មានច្រើន ។ ពិតហើយ ព្រោះក្នុងបាលី លោក កាន់យកជម្ពូទ្វីបតែមួយកន្លែង ។ ស្មៅជាដើម គប្បីដល់នូវការអស់ទៅ ដោយ ការព្យាយាម របស់អ្នកជម្ពូទ្វីបបែបនេះក្នុង ១០០ ឆ្នាំខ្លះ ១០០០ ឆ្នាំខ្លះ ១ សែនឆ្នាំខ្លះ ឯមាតារបស់ខ្លួន គប្បីដល់នូវការអស់ទៅមិនមាន ។ បទថា ទុក្ខំ បច្ចនុភូតំ បានដល់ លោកសោយទុក្ខ ។ បទថា តិប្បំ ជាវេវចនៈនៃបទថា អនុភូតំ នោះឯង ។ បទថា ព្យសនំ បានដល់ ច្រើនយ៉ាង មានការវិនាស នៃញាតិជាដើម ។ បទថា កដសិ បានដល់ ដីដែលជាព្រៃខ្មោច ។ សត្វ ទាំងនោះ កាលស្លាប់រឿយៗ បានចម្រើនផែនដីដែលជាព្រៃខ្មោ