អដ្ឋកថា អស្សុសូត្រទី ៣

ក្បាលទី 21 · ទំព័រ 138

គប្បីជ្រាបវិនិច្ឆ័យក្នុងអស្សុសូត្រទី ៣ ដូច្នេះ បទថា កន្ទន្តានំ បានដល់ ទ្រហោយំរឿយៗ ។ បទថា បសន្ទំ ទឹកភ្នែកហូរ គឺប្រព្រឹត្តទៅ ហើយ ។ បទថា ចតូសុ មហាសមុទ្ទេសុ បានដល់ ក្នុងមហាសមុទ្រទាំង ៤ ដែលកំណត់ដោយស្រមោលភ្នំសិនេរុ ។ ភ្នំព្រះសិនេរុខាងកើតសម្រេច ដោយប្រាក់ ។ ខាងទក្សិណសម្រេចដោយកែវមណី ។ ខាងលិចសម្រេច ដោយកែវផលិក ។ ខាងជើងសម្រេចដោយមាស ។ រស្មីនៃប្រាក់ និងកែវ មណី ចាំងជះអំពីទិសខាងកើត និងខាងត្បូងរួមគ្នា ផ្សាយទៅលើមហាសមុទ្រ រហូតដល់ភ្នំកណ្តាប់ចក្រវាល ។ រស្មីកែវមណី និងកែវផលិក បញ្ចេញពីទិសខាងត្បូង និងទិសខាងលិច រស្មីកែវផលិក និងមាស ចែង ចាំងអំពីទិសខាងលិច និងទិសខាងជើង ។ រស្មីនៃមាស និងប្រាក់បញ្ចេញ អំពីទិសខាងជើង និងទិសខាងកើតរួមគ្នា ផ្សាយទៅលើផ្ទៃមហាសមុទ្រ រហូតដល់ភ្នំកណ្តាប់ចក្រវាល ។ ខាងក្នុងរស្មីទាំងនោះ ជាមហាសមុទ្រទាំង ៤ ។ លោកសំដៅយកមហាសមុទ្រទាំង ៤ នោះ ទើបពោលថា ចតុសុ មហាសមុទ្ទេសុ ។ បទថា ព្យសនំ ក្នុងបទថា ញាតិព្យសនំ ជាដើម បានដល់ ការវិនាស ការវិនាស គឺអន្តរាយ ។ ការវិនាសនៃពួកញាតិ ឈ្មោះថា ញាតិព្យសន ។ ការវិនាសនៃភោគៈ ឈ្មោះថា ភោគព្យសន ។ ឈ្មោះថា ព្យសនៈ ព្រោះការមានរោគរបស់ខ្លួនឯងនោះឯង គឺឲ្យការមិនមានរោគ វិនាស គឺ អន្តរធានទៅ ការវិនាសព្រោះរោគពិតប្រាកដ ឈ្មោះថា រោគព្យសន ។