បព្វតសូត្រទី ៥ - ឧបមាដោយភ្នំថ្មតាន់ បុរសម្នាក់យក សំពត់កាសិកបោសភ្នំឲ្យរេច
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះឯង មានភិក្ខុមួយ រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ លុះភិក្ខុ នោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាង នេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្បមានកាលវែងបុន្មាន ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា បុណ្ណេះឆ្នាំ ឬថាបុណ្ណេះរយឆ្នាំ ថាបុណ្ណេះពាន់ឆ្នាំ ឬថាបុណ្ណេះសែនឆ្នាំ បាន ឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយ ទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កម្ពស់ក៏មួយយោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗ ទៅ មានបុរសយកសំពត់កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រេចទៅ ដោយសេចក្តី ព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមាន កាលវែងយ៉ាងនេះឯង ។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែងយ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់ មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន ។ បេ ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ។