សាសបសូត្រទី ៦ - ឧបមាដោយ គ្រាប់ស្ពៃ ដែលបុរសយកចេញ

ក្បាលទី 21 · ទំព័រ 143

ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះឯង ភិក្ខុមួយរូប ចូលទៅ គាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្បមានកាលវែងបុន្មាន ។ ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា បុណ្ណេះឆ្នាំ ។ បេ ។ ឬថា បុណ្ណេះសែនឆ្នាំបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយ ទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ ដូចនគរដែលព័ទ្ធដោយកំពែង បណ្តោយ មួយយោជន៍ ទទឹងមួយយោជន៍ កម្ពស់មួយយោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរគេបិទភ្ជាប់ ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗ ទៅ មានបុរសទៅរើស យកគ្រាប់ស្ពៃមួយគ្រាប់ៗ អំពីនគរនោះ ម្នាលភិក្ខុ គំនរគ្រាប់ស្ពៃដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រលីងទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯ កប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែងយ៉ាងនេះឯង ។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែងយ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិន បាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែន ក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មាន ទីបំផុត គេមិនអាចដឹងបាន ។ បេ ។ គួរជិនឆ្អន់ ។