សាវកសូត្រទី ៧

ក្បាលទី 21 · ទំព័រ 145

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរ ហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ ចម្រើន កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនបុន្មាន ។ ម្នាលភិក្ខុ ទាំងឡាយ កប្បដែលកន្លងរំលងទៅហើយ មានចំនួនច្រើនណាស់ កប្បទាំងនោះ មិនងាយនឹងរាប់ថា បុណ្ណេះកប្ប ឬថាបុណ្ណេះរយកប្បៈ ថាបុណ្ណេះពាន់ កប្ប ឬថាបុណ្ណេះសែនកប្បបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចធ្វើពាក្យឧបមាបានឬទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាច ធ្វើបាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក ៤ រូប ក្នុងសាសនានេះ មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័ក ទាំងនោះ រពឫកបានមួយសែនកប្ប ម្នាក់ៗ រាល់ៗ ថ្ងៃ ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាចនឹងរពឫកកប្បឲ្យអស់បានឡើយ ។ គ្រានោះឯង សាវ័កទាំង ៤ របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ ។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះមិនងាយ នឹងរាប់ថាបុណ្ណេះកប្ប ឬថាបុណ្ណេះរយកប្បៈ ថាបុណ្ណេះពាន់កប្ប ឬថាបុណ្ណេះ សែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន ។