ទុគ្គតសូត្រទី ១

ក្បាលទី 21 · ទំព័រ 154

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី ។ បេ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វ ទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់ រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីឃើញ បុគ្គលកម្សត់ណា មានរូបរាងអាក្រក់ អ្នកទាំងឡាយនឹងដល់នូវសេចក្តីចូលចិត្ត ក្នុងបុគ្គលកម្សត់នុ៎ះថា រូបបែបនេះ យើងទាំងឡាយធ្លាប់ភប់ប្រសព្វ ហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។ បេ ។ គួរ ជិនឆ្អន់ ។