អដ្ឋកថា តឹសមត្តសូត្រទី ៣

ក្បាលទី 21 · ទំព័រ 160

គប្បីជ្រាបវិនិច្ឆ័យក្នុងតឹសមត្តាសូត្រទី ៣ ដូចតទៅនេះ បទថា បវេយ្យកា បានដល់ ភិក្ខុអ្នកដែនបាវេយ្យកៈ ។ ក្នុងបទថា សព្វេ អារញ្ញិកា ជាដើម គប្បីជ្រាបភាពដែលភិក្ខុទាំងនោះនៅក្នុងព្រៃជាវត្តជាដើម ដោយអំណាចសមាទានធុតង្គ ។ បទថា សព្វេ សសញ្ញោជនា សេចក្តីថា ពួកភិក្ខុទាំងពួងនៅមានគ្រឿងចងនៅឡើយ គឺពួកខ្លះជាព្រះសោតាបន្ន ពួក ខ្លះជាព្រះសកទាគាមី ពួកខ្លះជាព្រះអនាគាមី ។ ក្នុងភិក្ខុទាំងនោះ ភិក្ខុដែលជា បុថុជ្ជន ឬព្រះខីណាស្រពមិនមាន ។ ក្នុងបទថា គុន្នំ ជាដើម បានដល់ គប្បីកាន់យកពេលមាន ពណ៌នីមួយៗ ក្នុងបណ្តាពណ៌ស និងពណ៌ខ្មៅជាដើម ។ បទថា បរិបន្ថកា បានដល់ ពួកចោរប្លន់ស្ទាក់ផ្លូវ ។ បទថា បរទារិកា គឺចោរជាអ្នកប្រព្រឹត្ត ខុសក្នុងភរិយារបស់អ្នកដទៃ ។