អដ្ឋកថា ភគិនិសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងសន្តុដ្ឋសូត្រទី ១ នៃកស្សបសំយុត្ត ដូច្នេះ បទថា សន្តុដ្ឋាយំ បានដល់ កស្សបនេះជាអ្នកសន្តោស ។ បទថា ឥតរីតរេន ចីវរេន បានដល់ ដោយចីវរប្រភេទណាមួយនៃចីវរសាច់គ្រោត គ្រាត ល្អិត សៅហ្មង ប្រណីត ថ្មី ទ្រុឌទ្រោម ។ អធិប្បាយថា សន្តោស ដោយចីវរឯណានីមួយ តាមដែលបានហើយជាដើម ។ ឯការសន្តោសក្នុង ចីវរមាន ៣ យ៉ាង គឺយថាលាភសន្តោស ១ យថាពលសន្តោស ១ យថាសរុប្បសន្តោស ១ សូម្បីការសន្តោសក្នុងបិណ្ឌបាតជាដើម ក៏មានន័យ ដូច្នេះ ។ ពណ៌នាប្រភេទនៃសន្តោសទាំងនោះ ដូចតទៅនេះថា ភិក្ខុក្នុងធម្មវិន័យ នេះ បានចីវរល្អក្តី មិនល្អក្តី លោកប្រើចីវរនោះតែម្យ៉ាង មិនប្រាថ្នាចីវរដទៃ សូម្បីបានក៏មិនទទួល ។ នេះឈ្មោះថា យថាលាភសន្តោស ក្នុងចីវររបស់ លោក ។ កាលបើដូច្នោះ ភិក្ខុដែលជាអ្នកទុព្វលតាមប្រក្រតីក្តី ត្រូវអាពាធ គ្របសង្កត់ កាលដណ្តប់ចីវរធ្ងន់រមែងលំបាក ។ លោកប្តូរចីវរនោះនឹងភិក្ខុ ដែលរាប់អានគ្នា ប្រើចីវរស្រាល ក៏ឈ្មោះថា ជាអ្នកសន្តោស នេះឈ្មោះថា យថាពលសន្តោស ក្នុងចីវររបស់លោក ។ ភិក្ខុមួយរូបទៀត បានបច្ច័យ ដែលប្រណីត មានបាត្រ និងចីវរជាដើម លោកបានចីវរមានតម្លៃច្រើនឯណា មួយ ឬបានចីវរជាដើមដ៏ច្រើនប្រគេន ដោយគិតថា វត្ថុនេះសមគួរដល់ព្រះថេរៈ ដែលបួសយូរ វត្ថុនេះសមគួរដល់ភិក្ខុដែលជាពហូសូត វត្ថុនេះសមគួរ ដល់ភិក្ខុដែលមានជំងឺ វត្ថុនោះចូរមានដល់ភិក្ខុដែលមានលាភតិច ដូច្នេះ រួច ទុកចីវរចាស់របស់ភិក្ខុទាំងនោះ ឬទុកសំពត់ដែលប្រឡាក់អំពីគំនរសំរាមជាដើម យកសំពត់នោះធ្វើសង្ឃាដីប្រើ ក៏ឈ្មោះថា ជាអ្នកសន្តោស នេះឈ្មោះ ថា យថាសរុប្បសន្តោសក្នុងចីវររបស់លោក ។