ចន្ទូបមសូត្រទី ៣ - ឧបមាដោយព្រះចន្ទ - ធម្មទេសនាបរិសុទ្ធ និងមិន បរិសុទ្ធ

ក្បាលទី 21 · ទំព័រ 193

ណា ទទួលយកវត្ថុនោះ កាត់បង់នូវសេចក្តីស្និទ្ធស្នាល ជាអ្នកមិនខ្វល់ខ្វាយ ក្នុងករណីយកិច្ចរបស់មនុស្សទាំងនោះចេញទៅ ដូច្នេះ ។ លោកពោលរឿង ព្រះថេរៈ ២ នាក់បងប្អូន ដើម្បីការជាក់ច្បាស់នូវភាពជាភិក្ខុថ្មីជានិច្ចដូចតទៅ នេះថា រឿងព្រះចូឡនាគ និងព្រះមហានាគត្ថេរ បានឮថា ព្រះថេរៈបងប្អូនចេញបួសអំពីស្រុកវសោឡនគរ ព្រះថេរៈ បងប្អូននោះ ប្រាកដឈ្មោះថា ចូឡនាគត្ថេរ និងមហានាគត្ថេរ ។ ព្រះថេរៈ ទាំងនោះនៅលើចិត្តលបព៌តអស់ ៣០ ឆ្នាំ សម្រេចអរហត្តហើយ គិតថា អញនឹងសួរសុខទុក្ខញោមស្រី មកហើយ ស្នាក់នៅក្នុងវិហារ នាវសោឡនគរ ចូលទៅកាន់ស្រុកញោមស្រីដើម្បីបិណ្ឌបាតក្នុងថ្ងៃស្អែក ។ ញោមស្រីនាំ បបរចេញទៅដោយត្រឡោក ដើម្បីព្រះថេរៈទាំងនោះ កេរោចូលក្នុងបាត្រនៃ ព្រះថេរៈមួយរូប កាលនាងសម្លឹងព្រះថេរៈនោះ ក៏កើតសេចក្តីស្រឡាញ់ ក្នុងបុត្រ ទើបនាងពោលនឹងលោកថា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះ មហានាគជាកូនរបស់ខ្ញុំឬ ។ ព្រះថេរៈពោលថា ឧបាសិកា ចូរនាងសួរព្រះថេរៈ ឯក្រោយចុះ ហើយចៀសចេញទៅ នាងប្រគេនបបរដល់ព្រះថេរៈរូប ក្រោយហើយ សួរថា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះចូឡនាគជាកូន របស់ខ្ញុំឬ ។ ព្រះថេរៈពោលថា ឧបាសិកា ម្តេចនាងមិនសួរព្រះថេរៈរូបមុន ដូច្នេះហើយ ចៀសចេញទៅ ។ ភិក្ខុកាត់នូវការស្និទ្ធស្នាលជាមួយមាតា យ៉ាងនេះ ឈ្មោះថា ជាភិក្ខុថ្មីជានិច្ច ។