ទុតិយឱវាទសូត្រទី ៧

ក្បាលទី 21 · ទំព័រ 218

ព្រះមានព្រះភាគទ្រង់គង់ក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ … គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ … លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថាចំពោះពួកភិក្ខុ ម្នាលកស្សប តថាគតឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគតឬអ្នក គប្បីធ្វើធម្មីកថាចំពោះពួកភិក្ខុ ។ បពិត្រព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុសុទ្ធតែ ជាអ្នកប្រដៅក្រ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យទៅជាអ្នកប្រដៅក្រ ជា អ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅដោយចំណែកស្តាំឡើយ ។ បពិត្រ ព្រះអង្គដ៏ចម្រើន បុគ្គលណាមួយមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈក្នុងកុសលធម៌ មិនមានវីរិយៈក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់ឬថ្ងៃ របស់បុគ្គលនោះមកដល់ហើយក៏ មានតែសេចក្តីសាបសូន្យប្រាកដ ក្នុងកុសលធម៌ ឥតមានសេចក្តីចម្រើន ឡើយ ។