អដ្ឋកថា ឈានាភិញ្ញសូត្រទី ៩

ក្បាលទី 21 · ទំព័រ 236

គប្បីជ្រាបវិនិច្ឆ័យក្នុងឈានាភិញ្ញាសូត្រទី ៩ ដូច្នេះ បទថា យាវទេវ អាកង្ខាមិ បានដល់ តាមដែលតថាគតប្រាថ្នា ។ ចំណែកបន្ទាប់ អំពីនេះ តថាគតពោលរូបាវចរជ្ឈាន ៤ ដោយន័យជាដើមថា វិវិច្ចេវ កាមេហិ ដូច្នេះ ។ អរូបសមាបត្តិ ៤ ដោយន័យជាដើមថា សព្វសោ រូបសញ្ញានំ សមតិក្កមា ដូច្នេះ ។ និរោធសមាបត្តិ ដោយពាក្យយ៉ាងនេះថា សព្វសោ នេវសញ្ញានាសញ្ញាយតនំ សមតិក្កម្ម សញ្ញាវេទយិតនិរោធំ ដូច្នេះ ។ នឹងពោលលោកិយអភិញ្ញា ៥ ដោយន័យជាដើមថា អនេកវិហិតំ ឥទ្ធិវិធំ ដូច្នេះ ។ ក្នុងបទនោះ បទដែលគប្បីពោលទាំងអស់នោះ ឲ្យពិស្តារ ក្នុងវិសុទ្ធិមគ្គ ព្រមដោយពណ៌នាតាមលំដាប់បទ និងវិធីភាវនា ។ បទថា អាសវានំ ខយា បានដល់ ព្រោះអាសវៈអស់ទៅ ។ បទថា អនាសវំ បានដល់ មិនជាបច្ច័យនៃអាសវៈ ។ បទថា ចេតោវិមុត្តឹ បានដល់ សមាធិក្នុង អរហត្តផល ។ បទថា បញ្ញាវិមុត្តឹ បានដល់ បញ្ញា ក្នុងអរហត្តផល ។