អដ្ឋកថា ចីវរសូត្រទី ១១

ក្បាលទី 21 · ទំព័រ 251

គប្បីជ្រាបវិនិច្ឆ័យក្នុងចីវរសូត្រទី ១១ ដូច្នេះ បទថា ទក្ខិណាគិរិស្មឹ សេចក្តីថា ជនបទភាគខាងត្បូងនៃភ្នំដែលជារង្វង់ ព័ទ្ធក្រុង រាជគ្រឹះ ឈ្មោះថា ទក្ខិណាគិរី ។ អធិប្បាយថា ត្រាច់ចារិកទៅក្នុងទក្ខិណាគិរិជនបទនោះ ។ ឈ្មោះថា ចារិកមាន ២ យ៉ាង គឺចារិកដោយប្រញាប់ ប្រញាល់ ១ ចារិកដោយមិនប្រញាប់ ១ ។ ក្នុងបទទាំងនោះ ភិក្ខុរូបខ្លះ ស្លៀកសំពត់កាសាវព្រស្តមួយផ្ទាំង ដណ្តប់មួយផ្ទាំងអស់កាលជានិច្ច ស្ពាយ បាត្រ និងចីវរត្រង់ស្មា កាន់ឆត្រ មួយថ្ងៃ ដើរទៅ ៧-៨ យោជន៍ មាន ញើសហូរជោកខ្លួន ឬថា ព្រះសម្ពុទ្ធទ្រង់ឃើញសត្វដែលគប្បីត្រាស់ដឹងណា ម្នាក់ មួយខណៈ ទ្រង់យាងទៅ ១០០ យោជន៍ខ្លះ ១០០០ យោជន៍ខ្លះ នេះ ឈ្មោះថា ចារិកដោយប្រញាប់ ឯរាល់ថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ទទួលនិមន្ត ដើម្បីឆាន់ក្នុងថ្ងៃនេះ ទ្រង់ទៅធ្វើការសង្គ្រោះជន មានប្រមាណប៉ុណ្ណេះ គឺ ១ គាវុត កន្លះយោជន៍ ៣ គាវុត ១ យោជន៍ នេះឈ្មោះថា ចារិកមិនប្រញាប់ ក្នុងទីនេះ បំណងយកចារិកនេះ ។