អដ្ឋកថា ពឡិសសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 307

គប្បីជ្រាបវិនិច្ឆ័យក្នុងពឡិសសូត្រទី ២ ដូច្នេះ បទថា ពាឡិសិកោ បានដល់ ព្រានសន្ទូច កាន់យកសន្ទូចត្រាច់សម្លាប់ត្រី ។ បទថា អាមិសគតំ គឺទាក់ទងដោយនុយ ។ បទថា អាមិសចក្ខុ បានដល់ ឈ្មោះថា អាមិសចក្ខុ ព្រោះអត្ថថា ឃើញសន្ទូចបិតនុយ ។ បទថា គិលពឡិសោ គឺលេបផ្លែសន្ទូច ។ បទថា អនយំ អាបន្នោ បានដល់ ដល់នូវ សេចក្តីទុក្ខ ។ បទថា ព្យសនំ អាបន្នោ បានដល់ ដល់នូវសេចក្តីវិនាស ។ បទថា យថា កាមករណីយោ សេចក្តីថា ព្រានសន្ទូចប្រាថ្នាត្រីនោះតាម ត្រូវការ គឺតាមគាប់ចិត្ត យ៉ាងណា គប្បីធ្វើត្រីនោះបានយ៉ាងនោះ ។ បទថា យថា កាមករណីយោ បបិមតោ សេចក្តីថា ដែលមារ គឺកិលេសគប្បីធ្វើបានតាមគាប់ចិត្ត គឺគប្បីឲ្យដល់នរក កំណើត តិរច្ឆាន ឬបេតវិស័យក៏បាន ។