កុម្មសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 308

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានត្រកូល នៃសត្វអណ្តើកធំ អាស្រ័យនៅជាយូរអង្វែងមកហើយ ក្នុងអន្លង់ទឹកមួយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើកមួយទៀត ហើយក៏ពោលទៅនឹងអណ្តើកមួយ ( នោះ ) ដូច្នេះថា នែបងអណ្តើក បង ឯងកុំទៅកាន់ប្រទេសនុ៎ះឡើយ ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បានទៅកាន់ ប្រទេសនោះ ព្រានក៏ចាក់អណ្តើកនោះដោយមូល ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើកនោះ ចូលទៅរកអណ្តើក ( ដែលឃាត់ ) នោះ ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះបានឃើញអណ្តើកនោះមកអំពីចម្ងាយ លុះ ឃើញហើយ ក៏ពោលទៅនឹងអណ្តើកនោះ ដូច្នេះថា នែបងអណ្តើក បងឯង មិនបានទៅកាន់ប្រទេសនោះទេឬ ។ អណ្តើកនោះឆ្លើយថា នែបងអណ្តើក ខ្ញុំ បានទៅកាន់ប្រទេសនោះហើយ ។ នែបងអណ្តើក បងឯងមិនត្រូវគេបេតោ បៀន មិនត្រូវគេប្រហារទេឬ ។ នែបងអណ្តើក ខ្ញុំមិនត្រូវគេបៀតបៀន មិន ត្រូវគេប្រហារទេ គ្រាន់តែមានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំបុណ្ណោះ ។ នែបងអណ្តើក អើនោះហើយ ហៅថា ត្រូវគេបៀតបៀន អើ នោះហើយ ហៅថា ត្រូវគេប្រហារ នែបងអណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់បង ឯង ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ដោយខ្សែនុ៎ះឯង នែបង អណ្តើក ឥឡូវនេះ បងឯងចូរទៅចុះ ឥឡូវនេះ បងឯងមិនមែនដូចយើងទេ ។