អដ្ឋកថា មីឡ្ហកសូត្រ ទី ៥
ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង ទំពាស៊ីនូវលាមក ខាងក្នុង ខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោងនោះក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុងខ្លួនពេញដោយលាមក បរិបូណ៌ដោយលាមក នេះ ជាគំនរនៃលាមកដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្រប សង្កត់រួបរឹតចិត្ត ក៏ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះក៏បរិភោគភត្តក្នុង ទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាតក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោលអួតកណ្តាលពពួកន ៃភិក្ខុថា ខ្ញុំបានបរិភោគភត្តដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែក ផង នេះជាចង្ហាន់បិណ្ឌបាតដ៏ពោរពេញរបស់ខ្ញុំផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជំងឺផង ពួកភិក្ខុ ដទៃទាំងអម្បាលនេះមានបុណ្យតិច សក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់អ្នកជំងឺទេ ។