សិង្គាលសូត្រ ទី ៨

ក្បាលទី 21 · ទំព័រ 318

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលា បច្ចូសសម័យនៃរាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែ រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏ មិនស្រួល ទៅនៅក្នុងទីវាលក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុង ទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តី ទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ ( យ៉ាងណាមិញ ) ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរទៅក្នុងទីណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់នូវសេចក្តីទុក្ខ និង សេចក្តីវិនាសក្នុងទីនោះៗ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការ ៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។