វេរម្ភសូត្រ ទី ៩

ក្បាលទី 21 · ទំព័រ 320

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ វេរម្ភវាត ( ខ្យល់ព្យុះ ) បក់ទៅលើ អាកាស សត្វស្លាបណា ហើរទៅលើអាកាសនោះ វេរម្ភវាតក៏បក់ផាត់សត្វ ស្លាបនោះ សត្វស្លាបនោះ លុះត្រូវវេរម្ភវាតផាត់ឡើងហើយ ជើងក៏រសាត់ទៅ ដោយឡែក ស្លាបក៏រសាត់ទៅដោយឡែក ក្បាលក៏រសាត់ទៅដោយឡែក ដង ខ្លួនក៏រសាត់ទៅដោយឡែក ( យ៉ាងណាមិញ ) ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ខ្លះក្នុងសាសនានេះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹត ចិត្ត ក៏ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងវេលាបុព្វណ្ហសម័យ ហើយចូលទៅ កាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ដោយមិនបានរក្សាកាយ មិនបាន រក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងប្រៀបស្មារតី មិនបានសង្រួមឥន្ទ្រិយ ភិក្ខុនោះ ក៏ឃើញមាតុគ្រាមក្នុងទីនោះ ស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់ មិនស្រួលក្តី ភិក្ខុនោះ លុះបានឃើញមាតុគ្រាមដែលស្លៀកសំពត់មិនស្រួល ក្តី ដណ្តប់សំពត់មិនស្រួលក្តី រាគៈក៏កម្ចាត់ចិត្តភិក្ខុនោះ លុះត្រូវរាគៈគ្រប សង្កត់ចិត្តហើយ ក៏ពោលលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទវិញ ពួកភិក្ខុ ឯទៀតក៏យកចីវរ ពួកភិក្ខុឯទៀតយកបាត្រ ពួកភិក្ខុឯទៀតយកនិសីទនៈ ពួកភិក្ខុ ឯទៀតយកបំពង់ម្ជុលរបស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវ វេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង ។