អដ្ឋកថា វេរម្ភសូត្រ ទី ៩

ក្បាលទី 21 · ទំព័រ 321

គប្បីជ្រាបវិនិច្ឆ័យក្នុងវេរម្ភសូត្រទី ៩ ដូចតទៅនេះ បទថា វេរម្ភវាតា បានដល់ ខ្យល់ធំដែលមានឈ្មោះយ៉ាងនេះ ។ សួរថា ខ្យល់ ទាំងនោះ បក់ក្នុងទីដូចម្តេច ឆ្លើយថា បុគ្គលឈរនៅក្នុងទីណា ទ្វីបទាំង ៤ ប្រាកដដូចស្លឹកឈូក ។ បទថា យោ បក្ខី គច្ឆតិ សេចក្តីថា កាលភ្លៀង ធ្លាក់ថ្មី សត្វសកុណវាត ស្រែកយំទៅក្នុងទីនោះ នុ៎ះ លោកសំដៅដល់ សេចក្តីនោះ ទើបពោល ។ ក្នុងបទជាដើមថា អារក្ខិតេនេវ កាយេន សេចក្តីថា គ្រវីដៃ និងជើងលេង ឬផ្អៀងក ឈ្មោះថា មិនរក្សាកាយ ពោល ពាក្យគ្រោតគ្រាតច្រើនយ៉ាង ឈ្មោះថា មិនរក្សាវាចា ។ បុគ្គលត្រិះរិះកាមវិតក្កជាដើម ឈ្មោះថា មិនរក្សាចិត្ត ។ បទថា អនុបដ្ឋិតាយ សតិយា បានដល់ មិនបានតាំងកាយគតាសតិ ។