សគាថកសូត្រ ទី ១០
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតឃើញបុគ្គល ពួកខ្លះ ត្រូវគ្រឿងសក្ការៈគ្របសង្កត់ចិត្ត រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគតឃើញបុគ្គលពួកខ្លះ ត្រូវអសក្ការៈ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពី មរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក ។ ម្នាល ភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈ ផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយ រាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជា របស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី សិក្សាយ៉ាងនេះចុះ ។ ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែងសូត្រនេះចប់ហើយ ក៏ទ្រង់ពោលនូវគាថាព័ន្ធ ដូច្នេះ តទៅទៀតថា សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយ ផលសមាធិប្រមាណមិនបាន រមែងមិនញាប់ញ័រដោយ សក្ការៈផង ដោយអសក្ការៈផង ដោយសក្ការៈ និង អសក្ការៈទាំងពីរផង អ្នកប្រាជទាំងឡាយ រមែងពោល នូវបុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាមជាប់ត គ្នា ជាអ្នកឃើញច្បាស់ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះ ព្រះនិព្វាន ជាទីក្ស័យនៃឧបាទាន ថាជាសប្បុរស ។