រូបិយបាតិសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 327

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគតយ៉ាងនេះថា អ្នកនេះ មិនពោល សម្បជានមុសា ព្រោះហេតុនៃភាជន៍ប្រាក់ ដ៏ពេញដោយលម្ហិតនៃមាសទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និង សេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា ។ ម្នាល ភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះ ឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។