ឯកបុត្តកសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 341

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់ អាក្រក់ ។ បេ ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើឧបាសិកាមានសទ្ធា កាល និយាយអង្វរដោយប្រពៃ ក៏និយាយអង្វរចំពោះកូនប្រុសតូចម្នាក់ ដែលជាទី ស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែកូន ចូរបាមានគុណសម្បត្តិប្រាកដ ដូចចិត្តគហបតី និងហត្ថកឧបាសកអ្នកស្រុកអាឡវីចុះ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកជាសាវ័ក របស់តថាគត មានតែចិត្តគហបតី ១ ហត្ថកឧបាសកអ្នកស្រុកអាឡវី ១ នុ៎ះ ជាជញ្ជីង នុ៎ះ ជាខ្នាត ។ ( ឧបាសិកាគប្បី និយាយអង្វរថា ) នែកូន បើឯងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស នែ កូន ចូរបាមានគុណសម្បត្តិប្រាកដ ដូចជាព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុជាសាវ័ករបស់តថាគត មានតែសារីបុត្ត និងមោគ្គល្លាន នុ៎ះ ជាជញ្ជីង នុ៎ះ ជាខ្នាត ។ ( ឧបាសិកាគប្បីនិយាយអង្វរ ថា ) នែកូន លាភសក្ការៈ និងសេចក្តីសរសើរ កុំបីដិតដល់កូនឯង ដែលនៅជា សេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនោះ ដែលនៅជា សេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផល លាភសក្ការៈ និងសេចក្តី សរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយដល់ភិក្ខុនោះ ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។