ឯកធីតុសូត្រ ទី ៤
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ បេ ។ ធ្វើ នូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាមានសទ្ធា កាលបើនិយាយ អង្វរដោយប្រពៃ ក៏និយាយអង្វរចំពោះកូនស្រីម្នាក់ ដែលជាទីស្រឡាញ់ ជាទី ពេញចិត្ត យ៉ាងនេះថា នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជា ឧបាសិកា ឈ្មោះខុជ្ជុត្តរា និងឧបាសិកា ឈ្មោះវេឡុកណ្ឌកិយានន្ទមាតា ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកាជាសាវិការបស់តថាគត មានតែនាង ខុជ្ជុត្តរាឧបាសិកា ១ នាងវេឡុកណ្ឌកិយានន្ទមាតា ១ នុ៎ះ ជាជញ្ជីង នុ៎ះ ជា ខ្នាត ។ ( ប្រសិនបើឧបាសិកានិយាយអង្វរថា ) នែនាង បើឯងចេញចាក ផ្ទះ ហើយចូលទៅកាន់ផ្នួស នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជា នាងខេមាភិក្ខុនី និងនាងឧប្បលវណ្ណាភិក្ខុនីចុះ ។ ម្នាលភិក្ខុទាំងឡាយ បណ្តា ពួកភិក្ខុនី ជាសាវិការបស់តថាគត មានតែនាងខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ នុ៎ះ ជាជញ្ជីង នុ៎ះ ជាខ្នាត ។ ( ប្រសិនបើឧបាសិកានិយាយអង្វរ ថា ) នែនាង លាភសក្ការៈ និងសេចក្តីសរសើរ កុំបីមកដិតដល់នាងឯង ដែល នៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ ។ ម្នាល ភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនីនោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេចព្រះអរហត្តផលនៅឡើយ លាភសក្ការ ៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយដល់ភិក្ខុនីនោះ ។